រឿង “ដើម្បីសេ្នហ៍” កាដូពីនីសានិងរិទ្ធ
ផលិតកម្ម រស្មីហង្សមាសកំពុងត្រៀមចេញអាល់ប៊ុមចម្រៀងរួមជា មួយវីដេអូខារ៉ាអូខេជាខ្សែរឿងនៃចំណងស្នេហ៍របស់យុវវ័យមួយគូក្រោម ចំណងជើងថា “ដើម្បីស្នេហ៍”។
លោក សុខ ជំនោរ អ្នកនិពន្ធរបស់ផលិតកម្មរស្មីហង្សមាសបាននិយាយថា “ខាងផលិតកម្មរស្មីហង្សមាសមានកាដូពិសេសសម្រាប់មិត្តៗយុវវ័យក្នុង ដើមខែឩសភានេះ ដោយចេញស៊ីឌី ក៏ដូចជាវីស៊ីឌីដែលច្រៀងដោយលោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុគន្ធ នីសា”។ លោកបញ្ជាក់ឲ្យដឹងថា ស៊ីឌីវ៉ុលទី៤៣៧នេះមានចម្រៀងចំនួន១០បទដែលជាសាច់រឿងរបស់គូ ស្នេហ៍យុវវ័យមួយគូដែលមានអ្នកទីបីចូលជ្រៀតជ្រែក ហើយក្លាយជារឿងរ៉ាវស្នេហាត្រីកោណមួយដែលពោរពេញទៅដោយភាពសប្បាយ រីករាយ និងទុក្ខសោកគ្មានទីបញ្ចប់។
សុគន្ធ នីសា និង ណុប ប៉ាយ៉ារិទ្ធិ |
កវីនិពន្ធដ៏ឆ្នើម ប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានបន្ត ទៀតថា ចំពោះរឿងរ៉ាវស្នេហ៍នេះត្រូវបានចងក្រងជាសាច់រឿងឡើងដោយរូបលោក និងសុគន្ធ នីសា។ លោកបញ្ជាក់ថា កញ្ញា នីសា ក៏បានសួរមតិយោបល់ពីក្រុមគាំទ្ររបស់នាងផងដែរ។ មូលហេតុដែលនាំឲ្យសួរមតិយោបល់ពីអ្នកគាំទ្រ ពីព្រោះពួកគេជាអ្នកនិយមចូលចិត្តស្តាប់បទចម្រៀង ដូច្នេះពួកគេដឹងច្បាស់ពីតម្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន។ ពួកគេមាន គំនិតប្លែកៗដែលអាចជួយលោកឲ្យផលិតបទចម្រៀងទាំងនោះមានភាពទាក់ទាញ គួរជាទីចាប់អារម្មណ៍ពីអ្នកស្តាប់គ្រប់គ្នា។
បច្ចុប្បន្ន អាល់ប៊ុមរឿង “ដើម្បីស្នេហ៍” ត្រូវបានដាក់ផ្សព្វផ្សាយជាឈុតខ្លីៗតាមរយៈ Facebook ក៏ដូចជាតាមការប្រូម៉ូហ្សិនរបស់ផលិតកម្មរស្មីហង្សមាសនៅលើកញ្ចក់ ទូរទស្សន៍។ លោក សុខ ជំនោរ និងកញ្ញា សុគន្ធ នីសា សង្ឃឹមថា នឹងមានការគាំទ្រច្រើនពីទស្សនិកជន ព្រោះវាជាចំណីអារម្មណ៍ថ្មី និងប្លែកសម្រាប់ឆ្នាំ២០១១របស់ នីសា និងបាយ៉ារិទ្ធ។
ដោយ ឡែកក្រុមអ្នកគាំទ្ររបស់ សុគន្ធ នីសា កំពុងតែរង់ចាំនៅថ្ងៃត្រឡប់មកវិញរបស់ នីសា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កញ្ញា សគន្ធ នីសា និងលោក ណុប បាយ៉ារិទ្ធ បានចាកចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ហើយនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១ ខែឧសភា ខាងមុខ៕
អត្ថបទ៖ ថៃ សុភ័ក្រ្តា
ដកស្រង់ទាំងស្រុងចេញពីគេហទំព័រ៖ សប្បាយ
No comments:
Post a Comment